Acts 26

1ពេលនោះ​ស្ដេច​អ័គ្រីប៉ាមាន​បន្ទូល​ទៅ​លោក​ប៉ូលថា៖ ​«អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯង!» ​ដូច្នេះ​លោក​ប៉ូលក៏និយាយ​ការពារ​ខ្លួន​ទាំង​លើកដៃ​ថា៖ 2«ឱ​ស្ដេចអ័គ្រីប៉ា​អើយ! ​ខ្ញុំ​យល់​ឃើញ​ថាខ្ញុំសំណាងណាស់ថ្ងៃនេះ​ដែល​ខ្ញុំ​កំពុង​ត្រៀមឆ្លើយការពារខ្លួននៅ​ចំពោះ​មុខព្រះអង្គអំពីសេចក្ដីទាំងឡាយដែល​ពួក​ជនជាតិយូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ 3ជាពិសេសព្រះអង្គដឹងច្បាស់​ពី​ទំនៀមទម្លាប់និងទំនាស់ទាំងឡាយក្នុងចំណោម​ពួក​ជនជាតិយូដាដូច្នេះហើយសូម​ព្រះអង្គ​ស្ដាប់ខ្ញុំ​ដោយ​អនុគ្រោះផង 4គឺយ៉ាងដូច្នេះ​ជនជាតិ​យូដាទាំងអស់​បាន​ដឹងអំពីរបៀបរស់នៅ​របស់​ខ្ញុំតាំងពីជំទង់​មក​ម៉្លេះ​គឺ​តាំងពីដំបូង​ដែល​ខ្ញុំ​បាន​រស់​នៅក្នុងចំណោមជនជាតិ​របស់​ខ្ញុំនៅ​ក្រុង​យេរូសាឡិម 5ហើយដោយព្រោះ​ពួកគេ​បាន​ស្គាល់ខ្ញុំតាំង​ពី​ដើមមក​ពួកគេ​ធ្វើបន្ទាល់បានបើ​ពួកគេ​ចង់ធ្វើគឺថា​ខ្ញុំ​បាន​រស់នៅស្របទៅតាមគណៈដ៏​តឹងរ៉ឹង​បំផុតក្នុងសាសនា​របស់​យើង​គឺ​ខាង​គណៈផារិស៊ី 6ប៉ុន្ដែពេលនេះ​ខ្ញុំ​ឈរទទួល​ការ​ជំនុំ​ជម្រះដោយសារ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល​សន្យាដែលព្រះជាម្ចាស់​បាន​សន្យាជាមួយដូនតា​របស់​យើង 7ព្រះបន្ទូលសន្យា​នេះ​ហើយ​ដែលកុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើងសង្ឃឹមថា​នឹង​ទទួលបានដោយការខិតខំបម្រើព្រះជាម្ចាស់​ទាំង​យប់ទាំងថ្ងៃ​ឱ​ព្រះរាជា​អើយ! ​ពួក​ជនជាតិយូដា​បាន​ចោទ​ប្រកាន់​ខ្ញុំដោយសារសេចក្ដី​សង្ឃឹម​នេះ​ហើយ 8ហេតុអ្វីបានជា​អ្នករាល់គ្នាចាត់ទុក​ការ​ដែលព្រះជាម្ចាស់ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ជា​ការ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ? 9ខ្ញុំផ្ទាល់ក៏​ធ្លាប់​គិតថាត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើនទាស់នឹងនាម​ព្រះ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត 10ខ្ញុំបាន​ធ្វើដូច្នេះនៅ​ក្រុង​យេរូសាឡិមហើយខ្ញុំ​បាន​ទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃ​ឲ្យ​ចាប់​ពួក​បរិសុទ្ធ​ជា​ច្រើន​ដាក់​គុកព្រមទាំងយល់ព្រម​ពេល​គេ​សម្លាប់អ្នកទាំងនោះទៀតផង 11ខ្ញុំដាក់ទោសពួកគេ​ជា​ញឹកញាប់​នៅ​តាមសាលាប្រជុំទាំងឡាយ​ខ្ញុំ​បាន​បង្ខំពួកគេ​ឲ្យ​ប្រមាថព្រះជាម្ចាស់ហើយ​ដោយ​ខឹងពួកគេកាន់តែខ្លាំង​ខ្ញុំ​ក៏​បៀតបៀនពួកគេរហូត​ដល់​ក្រុងដទៃទៀត 12ដូច្នេះហើយ​ខ្ញុំ​បាន​ធ្វើដំណើរទៅ​ក្រុង​ដាម៉ាស់ដោយ​មាន​សិទ្ធិអំណាចនិងការអនុញ្ញាតពី​ពួក​សម្ដេចសង្ឃ 13ព្រះរាជាអើយ! ​នៅ​តាមផ្លូវ​គឺ​ពេលថ្ងៃត្រង់​ខ្ញុំ​បាន​ឃើញពន្លឺមួយ​ជា​ពន្លឺ​ដែល​ភ្លឺ​ជាងព្រះអាទិត្យ​បាន​ចាំងពី​លើ​មេឃ​មក​ព័ទ្ធជុំវិញខ្ញុំនិង​ពួក​អ្នកធ្វើដំណើរជាមួយខ្ញុំ 14ហើយពេល​យើង​ទាំងអស់គ្នាដួលទៅលើដី​ខ្ញុំ​បាន​សំឡេងមួយនិយាយមកកាន់ខ្ញុំជាភាសាហេព្រើរថាសុលអើយសុល! ​ហេតុអ្វី​អ្នក​បៀតបៀនខ្ញុំ​ដូច្នេះ? ​ដែល​អ្នកធាក់ជន្លួញ​ដូច្នេះ​នោះ​ពិបាក​ដល់​អ្នក​ណាស់ 15ខ្ញុំក៏សួរថាព្រះអម្ចាស់អើយ! ​តើ​ព្រះអង្គ​ជា​នរ​ណា? ​រួចព្រះអម្ចាស់​បាន​មានបន្ទូលថាយើងជាយេស៊ូដែលអ្នក​កំពុង​បៀតបៀន 16ប៉ុន្ដែចូរ​ក្រោក​ឈរឡើងដ្បិត​យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​អ្នកឃើញ​នេះ​ដើម្បី​តែងតាំងអ្នក​ជា​អ្នកបម្រើនិង​ជា​សាក្សីអំពីហេតុការណ៍ដែល​អ្នក​បាន​ឃើញយើងព្រមទាំង​ហេតុការណ៍​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក 17យើងនឹង​រំដោះអ្នកពីប្រជារាស្ដ្រនេះព្រមទាំងពី​សាសន៍​ដទៃដែលយើង​កំពុង​ចាត់អ្នក​ឲ្យ​ទៅ 18បំភ្លឺភ្នែក​របស់​ពួកគេ​ឲ្យ​បែរចេញពីសេចក្ដីងងឹត​មក​ឯ​ពន្លឺហើយ​ពី​អំណាចរបស់​អារក្ស​សាតាំងមកព្រះជាម្ចាស់​ដើម្បី​ឲ្យ​ពួកគេទទួលបានការ​លើក​លែង​ទោសបាបនិងមរតកក្នុងចំណោមអស់អ្នកដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​ជំនឿលើយើង 19ស្ដេចអ័គ្រីប៉ា​អើយ! ​តាំង​ពី​នោះ​មក​ខ្ញុំមិនល្មើសនឹងសុបិននិមិត្ដ​ពី​ស្ថានសួគ៌​នេះ​ទេ 20គឺមុនដំបូង​ខ្ញុំ​បាន​ប្រកាសប្រាប់​ពួក​អ្នក​ក្រុង​ដាម៉ាស់និង​ពួក​អ្នក​ក្រុង​យេរូសាឡិមដែរព្រមទាំងក្នុងស្រុកយូដាទាំងមូលនិងដល់​សាសន៍​ដទៃ​ដើម្បី​ឲ្យ​ពួកគេ​ប្រែចិត្ដបែរមកព្រះជាម្ចាស់​ទាំង​ប្រព្រឹត្ដអំពើ​ដែល​ស័ក្ដិសម​នឹង​ការប្រែចិត្ដ 21ដោយព្រោះសេចក្ដី​ទាំងនេះ​ហើយ​បានជា​ជនជាតិយូដាចាប់ខ្ញុំ​នៅ​ពេល​ខ្ញុំ​នៅក្នុង​ព្រះ​វិហារ​ទាំង​ព្យាយាមសម្លាប់ខ្ញុំ 22ប៉ុន្ដែដោយ​មានជំនួយពីព្រះជាម្ចាស់​ទើប​ខ្ញុំ​បាន​ឈរធ្វើបន្ទាល់ប្រាប់ទាំង​អ្នក​តូចទាំង​អ្នក​ធំរហូតដល់ថ្ងៃនេះ​ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយក្រៅពីសេចក្ដីដែល​ពួក​អ្នកនាំព្រះបន្ទូលនិងលោកម៉ូសេ​បាន​ថ្លែង​ទុក​ថានឹងកើតឡើង 23គឺព្រះ​គ្រិស្ដ​ត្រូវ​រងទុក្ខវេទនា​ហើយ​ដោយសារការ​រស់​ពី​ការសោយទិវង្គត​ឡើង​វិញមុនគេបង្អស់​ព្រះអង្គ​នឹង​ប្រកាសប្រាប់ប្រជារាស្ដ្រ​នេះ​ព្រមទាំង​សាសន៍​ដទៃ​អំពី​ពន្លឺនោះ»។ 24កាលលោក​ប៉ូល​កំពុង​និយាយ​ដើម្បី​ការពារ​ខ្លួន​ពី​សេចក្ដី​ទាំងនេះ​លោក​ភេស្ទុសក៏និយាយដោយសំឡេងខ្លាំងៗថា៖ ​«ប៉ូលអើយ! ​ឯង​ឆ្កួតហើយឯងរៀនច្រើនពេកបានជាឆ្កួតដូច្នេះ 25ប៉ុន្ដែលោក​ប៉ូលឆ្លើយថា៖ ​«លោក​ភេស្ទុសជាទីគោរពអើយ! ​ខ្ញុំ​មិនឆ្កួតទេដ្បិតពាក្យ​ដែល​ខ្ញុំ​កំពុង​និយាយពិតហើយត្រឹមត្រូវ 26ដ្បិតព្រះរាជាដឹងអំពី​ហេតុការណ៍​ទាំងនេះ​ស្រាប់​ហើយ​បានជា​ខ្ញុំ​ទូលដល់ព្រះអង្គ​គឺ​ទូល​ដោយ​ក្លាហានទៀតផងហើយ​ខ្ញុំ​ជឿថាគ្មាន​ហេតុការណ៍​ណាមួយ​ក្នុង​ចំណោម​ហេតុការណ៍​ទាំងនេះលាក់បាំងពីព្រះរាជាបានឡើយព្រោះ​ហេតុការណ៍​នេះមិនបានកើតឡើងនៅកន្លៀតណាទេ 27ស្ដេចអ័គ្រីប៉ាអើយ! ​តើ​ព្រះអង្គ​ជឿអ្នកនាំព្រះបន្ទូល​ដែរ​ឬ​ទេ? ​ខ្ញុំដឹងថា​ព្រះអង្គ​ជឿ» 28ស្ដេចអ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖ ​«ឯង​កំពុង​បញ្ចុះបញ្ចូលយើង​ឲ្យ​ត្រលប់ជាគ្រិស្ដបរិស័ទក្នុង​ពេល​តែ​មួយភ្លែត 29លោកប៉ូលក៏​ទូល​ថា៖ ​«ទោះបី​ក្នុង​ពេល​តែ​មួយភ្លែតក្នុងពេលយូរក៏ដោយ​ក៏​ខ្ញុំ​អធិស្ឋានដល់ព្រះជាម្ចាស់មិន​មែន​ត្រឹមតែ​សម្រាប់​ព្រះរាជាប៉ុណ្ណោះទេគឺ​សម្រាប់​អ្នកទាំងអស់​ដែល​កំពុង​ស្ដាប់ខ្ញុំ​នៅ​ថ្ងៃនេះដែរ​ដើម្បី​ឲ្យបានដូចជាខ្ញុំដែរលើក​លែង​តែការ​ជាប់​ច្រវាក់ទាំងនេះ»។ 30ពេលនោះទាំងស្ដេចទាំង​ព្រះនាង​បេរេនីសនិង​លោក​អភិបាលព្រមទាំង​ពួក​អ្នក​ដែល​អង្គុយជាមួយពួកគេ​បាន​ក្រោកឡើង 31ហើយចេញទៅ​ទាំង​និយាយគ្នាថា៖ ​«បុរសនេះមិន​បាន​ធ្វើអ្វីសមនឹងស្លាប់​ការ​ជាប់​ច្រវាក់ឡើយ»។ 32ស្ដេចអ័គ្រីប៉ាមានបន្ទូល​ទៅ​លោក​ភេស្ទុសថា៖ ​«បើបុរសនេះមិន​បាន​ប្ដឹងឧទ្ធរណ៍​ដល់​ព្រះចៅអធិរាជទេ​យើង​អាចដោះលែងបាន»។
Copyright information for KhmKCB